រុស្ស៊ីព្រមា​នប៉ូឡូញ​កុំ”​ភ្លើ​ងខៀវ​”ឱ្យអា​មេរិកដាក់​អាវុធ​នុយក្លេអ៊ែរ

វិមានក្រឹមឡាំងបានចេញការព្រមានដល់ប៉ូឡូញបន្ទាប់ពីប្រទេសជិតខាងជាមួយរុស្ស៊ីបាននិយាយថា ខ្លួនអាច”បើកទ្វារ”សម្រាប់សហរដ្ឋអាមេរិកក្នុងការដាក់អាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសនេះ។ថ្លែងទៅកាន់ទូរទស្សន៍ LCI នៅថ្ងៃទី០៦ខែមេសាអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានព្រមានថា ទីក្រុងម៉ូស្គូនឹងចាត់ទុកការផ្ទេរអាវុធនុយក្លេអ៊ែរទៅប្រទេសប៉ូឡូញជា”ទង្វើបង្កហេតុយ៉ាងខ្លាំង” ។លោក Peskovបាននិយាយថាការដាក់ពង្រាយអាវុធខាងលើនៅក្នុងប្រទេសជិតខាងជាមួយរុស្ស៊ីនឹងបង្កឲ្យមានការឆ្លើយតបពីរុស្ស៊ីរួមទាំងជម្រើសរបស់ទីក្រុងម៉ូស្គូផ្លាស់ប្តូរយុទ្ធសាស្ត្រលើអាវុធនុយក្លេអ៊ែរ។លោកPeskov បាននិយាយថា “សម្រាប់ពួកយើងនេះនឹងក្លាយជាការគំរាមកំហែងដ៏ធំមួយ។ ក្នុងករណីនេះ ការដាក់ពង្រាយកាំជ្រួចនុយក្លេអែររបស់រុស្ស៊ីនៅតាមព្រំដែនភាគខាងលិចរបស់វានឹងចាំបាច់” ដោយលោក Peskov បាននិយាយថា ទីក្រុងម៉ូស្គូគឺជា”មហាអំណាចនុយក្លេអ៊ែរដែលមានទំនួលខុសត្រូវ”។មុននេះ ឧបនាយករដ្ឋមន្ត្រីប៉ូឡូញលោក Jaroslaw Kaczynski បាននិយាយថាប្រទេសនេះនឹង “បើកទ្វារ” ដើម្បីអនុញ្ញាតឱ្យសហរដ្ឋអាមេរិកដាក់អាវុធនុយក្លេអ៊ែរដោយសង្កត់ធ្ងន់ថាការដាក់ពង្រាយកាំជ្រួចនៅលើចំហៀងខាងកើតរបស់អង្គការណាតូនឹងសមហេតុផលនិងសង”ថ្លៃ”។បង្កើនការរារាំងយ៉ាងខ្លាំងប្រឆាំងនឹងទីក្រុងម៉ូស្គូ។បន្ទាប់ពីរុស្ស៊ីបានបើកប្រតិបត្តិការយោធានៅអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ។លោក Kaczynski មិន​មែន​ជា​មនុស្ស​ដំបូង​ដែល​លើក​ឡើង​នូវ​គំនិត​នេះ​ទេ។ក្នុងឆ្នាំ២០២០អ្នកការទូតអាមេរិកម្នាក់នៅប្រទេសប៉ូឡូញបានធ្វើសំណើស្រដៀងគ្នានេះ ដែលបានអំពាវនាវឱ្យមានការផ្ទេរអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកដែលមានទីតាំងនៅក្នុងប្រទេសអាល្លឺម៉ង់។ទោះបីជាយ៉ាងណាក៏ដោយរហូតមកដល់ពេលនេះមេដឹកនាំអាមេរិកមិនទាន់បានយល់ព្រមលើសំណើនេះទេ។ប្រសិនបើអាវុធនុយក្លេអ៊ែរត្រូវបានបញ្ជូនទៅប៉ូឡូញវានឹងផ្ទុយទៅនឹងការប្តេជ្ញាចិត្តរបស់អង្គការណាតូក្នុងឆ្នាំ១៩៩៦ដែលថាសម្ព័ន្ធភាព”គ្មានចេតនាគ្មានផែនការនិងគ្មានហេតុផលដើម្បីដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅលើទឹកដីនៃសមាជិកថ្មី”។ប៉ូឡូញបានចូលជាសមាជិកណាតូក្នុងឆ្នាំ១៩៩៩៕យោងតាមRT

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov។រូបភាពReuters