ហុ​ងគ្រី​និយាយ​​ថាជំហរ​​របស់​អ៊ុយក្រែ​ន​ប្រមាថ​រុស្ស៊ី

ប្រទេសហុងគ្រីបានកោះហៅឯកអគ្គរដ្ឋទូតអ៊ុយក្រែនមកតវ៉ាដោយនិយាយថាមេដឹកនាំរបស់ប្រទេសនេះបានធ្វើសេចក្តីថ្លែងការណ៍”ប្រមាថ” អំពីទស្សនៈរបស់ទីក្រុង Budapest លើយុទ្ធនាការយោធារុស្ស៊ី។រដ្ឋមន្ត្រីការបរទេសហុងគ្រីលោក Peter Szijjarto បានសរសេរនៅលើ Facebook នៅថ្ងៃនេះថា “យើងបានថ្កោលទោសយុទ្ធនាការយោធារបស់រុស្ស៊ីទទួលស្គាល់អធិបតេយ្យភាពរបស់អ៊ុយក្រែន និងបានយកជនភៀសខ្លួនរាប់សែននាក់ចេញពីប្រទេស” ។លោក Szijjarto បាននិយាយថា “វាដល់ពេលហើយសម្រាប់មេដឹកនាំអ៊ុយក្រែនដើម្បីបញ្ឈប់ការប្រមាថហុងគ្រីនិងទទួលស្គាល់ឆន្ទៈរបស់ប្រជាជនហុងគ្រី”ដោយអះអាងថាប្រទេសនេះមិនគាំទ្រការដឹកជញ្ជូនអាវុធទៅអ៊ុយក្រែនឬដាក់ទណ្ឌកម្មថាមពលរុស្ស៊ីទេព្រោះវា“មិនចង់បង្កគ្រោះថ្នាក់ដល់សន្តិភាពនិងសន្តិសុខរបស់ប្រជាជន”។សេចក្តីថ្លែងការណ៍ត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសSzijjartoបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃទី០៥ខែមេសាថានាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban “ខ្លាចឥទ្ធិពលរបស់រុស្ស៊ី”និងហុងគ្រី “ត្រូវតែជ្រើសរើសរវាងរុស្ស៊ីនិងពិភពលោកផ្សេងទៀត”។នាយករដ្ឋមន្ត្រី Orbanដែលមានអាយុ៥៨ឆ្នាំទើបតែត្រូវបានជាប់ឆ្នោតអាណត្តិទី៤ដោយក្លាយជាមេដឹកនាំមួយក្នុងចំណោមមេដឹកនាំដែលកាន់អំណាចយូរបំផុតរបស់អឺរ៉ុប។លោកធ្លាប់បានថ្កោលទោសយុទ្ធនាការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែនហើយមិនបានវេតូទណ្ឌកម្មរបស់សហភាពអឺរ៉ុប (EU) ប្រឆាំងនឹងរុស្ស៊ីទេ។ទោះបីជាយ៉ាងណាក៏ដោយលោកមិនបានរិះគន់ប្រធានាធិបតីរុស្ស៊ីលោកVladimir Putinដោយផ្ទាល់ទេ ហើយបានប្រកាសពីការប្រឆាំងរបស់លោកចំពោះទណ្ឌកម្មប្រេងនិងឧស្ម័នរបស់រុស្ស៊ីដោយនិយាយថា វានឹងធ្វើឱ្យខូចសេដ្ឋកិច្ចហុងគ្រី។នាយករដ្ឋមន្ត្រីOrbanតែងតែប្រកាន់ជំហរអព្យាក្រិតចំពោះស្ថានការណ៍នៅអ៊ុយក្រែនហើយធ្លាប់បដិសេធមិនអនុញ្ញាតឱ្យជំនួយសព្វាវុធរបស់លោកខាងលិចដល់ក្រុងគៀវឆ្លងកាត់ទឹកដីហុងគ្រីទោះបីប្រទេសនេះជាសមាជិករបស់ណាតូនិងសហភាពអឺរ៉ុបក៏ដោយ។លោកOrban បានធ្វើជានាយករដ្ឋមន្ត្រីនៃប្រទេសហុងគ្រីតាំងពីឆ្នាំ២០១០ហើយជាអ្នកតស៊ូមតិគោលនយោបាយបែបអភិរក្សនិយម។លោក​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មេដឹកនាំ​ដែល​គាំទ្រ​រុស្ស៊ី​បំផុត​ក្នុង​ចំណោម​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ទាំង២៧។ ហុងគ្រីក៏ជាប្រទេស EUដំបូងគេដែលទិញវ៉ាក់សាំង Covid-19 ផលិតដោយរុស្ស៊ី ទោះបីជានិយ័តករអឺរ៉ុបមិនទាន់បានអនុម័តវ៉ាក់សាំងនេះក៏ដោយ។ប្រធានាធិបតីPutinបានអបអរសាទរនាយករដ្ឋមន្ត្រីOrbanក្នុងការបោះឆ្នោតអាណត្តិទី៤របស់លោកដោយបង្ហាញពីបំណងចង់ពង្រឹងទំនាក់ទំនងជាមួយហុងគ្រី៕យោងតាមAFP


រដ្ឋមន្ត្រីការបរទេសហុងគ្រី Peter Szijjarto ក្នុងសន្និសីទកាសែតនៅទីក្រុង Belgradeប្រទេសស៊ែប៊ី កាលពីថ្ងៃទី០៧ខែកុម្ភៈ។ រូបថត៖ AP