Update៖សម្តេចតេ​ជោហ៊ុន សែនអញ្ជើញ​ចូលរួមក្នុងពិធីបើក​កិច្ចប្រជុំកំពូល​អាស៊ានលើក​ទី៣៨-៣៩​តា​មប្រព័ន្ធវីដេ​អូ

នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨-៣៩ តាមប្រព័ន្ធវីដេអូអនឡាញ។ កិច្ចប្រជុំកំពូអាស៊ានលើកទី៣៨ និងលើកទី៣៩ ក្រោមប្រធានបទ យើងយកចិត្តទុកដាក់ យើងរៀបចំត្រៀមលក្ខណ: យើងរីកចម្រើនទៅមុខ ដែលព្រះរាជាណាចក្រប៊្រុយណេដារ៉ុយសាឡាម ធ្វើជាម្វាស់ ផ្ទះ នៃកិច្ចប្រជុំកំពូល។
ប្រមុខមេដឹកនាំនៃប្រទេសអាស៊ានទាំងអស់ លើកលែងតែមេដឹកនាំ នៃសហភាពមីយ៉ាន់ម៉ា បានយាងនិងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួន ដើម្បីពិនិត្យពិភាក្សាទៅលើរបៀបវារ:គ្រោងទុក និងក្រោមកិច្ចដឹកនាំផ្ទាល់ពី ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា ប្រធានអង្គប្រជុំ។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ មេដឹកនាំអាស៊ាន បានធ្វើការពិភាក្សាទៅលើរបៀបវារ:សំខាន់ៗ ចំនួន២ ក្នុងនោះរួមមាន ៖
ទី១) ការកសាងសហគមន៍អាស៊ាន
ទី២) ការឆ្លើយតបនឹងជំងឺកូវីដ-១៩
ដោយឡែកនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៩ មេដឹកនាំអាស៊ាន បានធ្វើការពិភាក្សាទៅលើរបៀបវារ:សំខាន់ៗចំនួន២៖
ទី១) ទំនាក់ទំនងខាងក្រៅ និងមជ្ឈភាពអាស៊ាន
ទី២) ការផ្លាស់ប្តូរទស្សន: ស្តីពីបញ្ហាតំបន់ និងអន្តរជាតិ។
ដូចគ្នាបណ្តាមេដឹកនាំអាស៊ាន ដទៃទៀត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើបទអន្តរាគមន៍ទៅកាន់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងលោកទី៣៩ ដោយបានធ្វើការគូសបញ្ជាក់ថា ការអូសបន្លាយនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ អស់រយ:ពេលជិត២ឆ្នាំកន្លងមក បានក្លាយជាវិញ្ញាសារសាកល្បងសមត្ថភាពដ៏ធំមួយ ក្នុងការដឹកនាំនិងអភិវឌ្ឍទាំងសម្រាប់អាស៊ានទាំងមូល និង ទាំងសម្រាប់ប្រទេសជាសមាជិកនីមួយៗ។ មកដល់ពេលនេះយើងអាចវាយតម្លៃបានថា អាស៊ាននឹងឈានទៅរកការគ្រប់គ្រងការរីករាលដាល នៃជំងឺនោះបាន ប្រកបដោយប្រសិទ្ធភាពនាពេលដ៏ខ្លីខាងមុខ។ ជាទិសដៅទៅមុខ ការងារសំខាន់បន្ត និងបន្ទាប់ គឺការស្តារនិងការអភិវឌ្ឍវិស័យសង្គម សេដ្ឋកិច្ចឡើងវិញ តាមរយ:ការធានាប្រក្រតីភាព នៃលំហូរពាណិជ្ជកម្ម ការធ្វើដំណើរ និងការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម សេវាកម្ម និងការវិនិយោគ ក្នុងន័យនេះ កម្ពុជាសូមគាំទ្រនូវការរៀបចំទស្សន វិស័យអាស៊ានក្រោយឆ្នាំ២០២៥ និងស្វាគមន៍ការអនុម័តលក្ខខណ្ឌប្រតិបត្តិសម្រាប់ក្រុមការងារជាន់ ខ្ពស់ទទួលបន្ទុកកិច្ចការនោះ។
នៅក្នុងសុន្ទរកថាគន្លឹ:ដែលទាក់ទិនទៅនឹងស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា សម្តេចតេជោបានថ្លែងថា នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកការចាក់វ៉ាក់សាំង ជាវិធានការយុទ្ធសាស្រ្តគន្លឹ: គួបផ្សំនិងវិធានការផ្សេងទៀត។ គិតត្រឹមថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ កម្ពុជាសម្រេចបាននូវការចាក់វ៉ាកសាំងដល់ប្រជាពលរដ្ឋ ១៣លាន ៧សែននាក់ សមមូលនឹងអត្រា ៨៥,៣៣ភាគរយ នៃចំនួនប្រជាជនសរុប១៦លាននាក់។ ជាការវាយតម្លៃជំងឺកូវីដនៅកម្ពុជា ស្ថិតនៅក្នុងស្ថានភាពគ្រប់គ្រងបានល្អ។ ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាល បាននឹងកំពុងជំរុញការបើកដំណើរការសកម្មភាពសង្គម សេដ្ឋកិច្ចឡើងវិញជាបណ្តើរៗ តាមគន្លងប្រក្រតីភាពថ្មី ហើយក៏គ្រោងនឹងដាក់ចេញយុទ្ធសាស្រ្តស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីនៅចុងឆ្នាំ២០២១នេះ។
នៅក្នុងកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នោះ មេដឹកនាំអាស៊ាន បានឯកភាពគ្នាចេញនូវសេចក្តីថ្លែងការណ៍របស់មេដឹកនាំអាស៊ាន ស្តីពីការលើកកម្ពស់ពហុភាគីនិយម មាន៩ចំណុច ក្នុងនោះ ៖
១)រំលឹកឡើវិញពីតម្រូវការរបស់អាស៊ាន ក្នុងការរក្សាសាមគ្គីភាព ភាពស្អិតរមួត និងភាពរឹងមាំ ក្នុងការលើកកម្ពស់គោលបំណង និងគោលការណ៍របស់ខ្លួន ដូចមានចែងក្នុងធម្មនុញ្ញអាស៊ាន ក្នុងការគាំទ្រពហុភាគីនិយម
២)បញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារបស់អាស៊ាន ដើម្បីរក្សានិងលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី រួមទាំងការគោរពយ៉ាងពេញលេញ ចំពោះដំណើរការផ្នែកច្បាប់ និងការទូត ដោយមិនប្រើប្រាស់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ដោយអនុលោមតាមគោលការណ៍ ដែលទទួលស្គាល់ជាសកលនៃច្បាប់អន្តរជាតិ រួមទាំងសន្ធិសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២
៣)ពង្រឹងមជ្ឈភាពនិងឯកភាពអាស៊ាន នៅក្នុងការចូលរួមប្រកបដោយស្ថាបនារបស់អាស៊ាន ជាមួយដៃគូខាងក្រៅរបស់ខ្លួន តាមរយ:យន្តការដឹកនាំដោយអាស៊ាន ក្នុងការកសាងភាពជឿជាក់និងការទុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងពង្រឹងនិម្មាបនកម្មតំបន់ដែលបើកចំហ មានតម្លាភាព បរិយាបន្ន និងផ្អែកលើវិធានការច្បាប់ ដោយមានអាស៊ាននៅចំកណ្តាល
៤)បញ្ជាក់ជាថ្មីអំពីគោលបំណង និងគោលការណ៍នៃទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) ដែលផ្តល់ជាមគ្គុទេសសំរាប់ការចូលរួមរបស់អាស៊ាន ក្នុងទំនាក់ទំនងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់មហាសមុទ្រឥណ្ឌា
៥)រំលឹកឡើងវិញអំពីការគាំទ្រដ៏រឹងមាំរបស់អាស៊ាន ចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលបើកចំហ មានតម្លាភាព គ្មានការរើសអើង និងផ្អែកលើវិធានច្បាប់ រួមទាំងតាមរយ:ការចូលជាធរមានឲ្យបានឆាប់ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងការអនុវត្តឲ្យបានពេញលេញ នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់អាស៊ានបូកមួយ
៦)លើកកម្ពស់ការបន្ស៊ីគ្នា ការបំពេញបន្ថែម និងការរួមបញ្ចូលគ្នាលើការដោះស្រាយបញ្ហា អន្តរវិស័យដូចជា សកម្មភាពផ្នែកអាកាសធាតុ ការការពារបរិស្ថាន និងសន្តិសុខតាមប្រព័ន្ធអ៊ីនធើណែត ដើម្បីដោះស្រាយផលប៉ះពាល់រួម និងផលវិបាកនៃបញ្ហាប្រឈម ដែលមានទំនាក់ទំនងរវាងគ្នានេះ
៧)ពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការកែលម្អ នៃប្រព័ន្ធសុខភាពសាធារណ:សកលរបស់យើង និងឆ្ពោះទៅរកការធានាឲ្យបាន នូវការទទួលបានថ្នាំប្រកបដោយសមធម៌ សម្រាប់ការព្យាបាល ជំងឺកូវីដ-១៩ ដោយធ្វើឲ្យវ៉ាកសាំងកូវីដ-១៩ ជាទំនិញសាធារណ:សកល អាចរកបាន និងមានតម្លៃ សមរម្យសម្រាប់មនុស្សទូទៅ
៨)លើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងសសរស្តម្ភទាំងបី នៃសហគមន៍អាស៊ាន និងសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការធ្វើឲ្យប្រសើរឡើង នូវការសម្របសម្រួលបញ្ហាអន្តរវិស័យ និងឆ្លងសសរស្តម្ភ ឆ្ពោះទៅសម្រេចបាន នូវចក្ខុវិស័យសហគមន៍អាស៊ាន២០២៥ និងការអភិវឌ្ឍទស្សនវិស័យអាស៊ានក្រោយឆ្នាំ២០២៥
៩)ពង្រឹងស្ថាប័ននានារបស់អាស៊ាន ដោយគាំទ្រដល់ស្ថាប័ន និងយន្តការសម្របសម្រួល ដែលមានស្រាប់ ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍នៅក្នុងអាស៊ាន និងជាមួយដៃគូខាងក្រៅ ហើយព្រមទាំងគូសបញ្ជាក់បនថែមទៀត អំពីមជ្ឍភាពនិងឯកភាពអាស៊ាន ដែលនឹងធ្វើឲ្យទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់អាស៊ាន នៅតំបន់និងក្រៅតំបន់ឲ្យកាន់តែស៊ីជម្រៅថែមទៀត៕សហការី