កម្ពុជា​​គ្រោង​អភិវឌ្ឍ​ផ្លូវ​រថភ្លើង​​ល្បឿ​ន​លឿន

សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនមានប្រសាសន៍ថាកម្ពុជាកំពុងពិចារណាលើការអភិវឌ្ឍន៍ផ្លូវរថភ្លើងល្បឿនលឿនដើម្បីជំនួសរថភ្លើងដែលរត់ក្នុងល្បឿនពី២០ទៅ៣០គីឡូម៉ែត្រក្នុងមួយម៉ោង។សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែនបានមានប្រសាសន៍ថា“យើងកំពុងស្វែងរកដៃគូអភិវឌ្ឍន៍ដើម្បីសាងសង់ផ្លូវរថភ្លើងល្បឿនលឿនលើខ្សែដែលមានស្រាប់” ក្នុងពិធីសម្ពោធផ្លូវចំនួន៣៨នៅក្រុងសៀមរាប។សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថាកម្ពុជាមានផ្លូវរថភ្លើងចំនួន២។ប៉ុន្តែខ្សែរថភ្លើងទាំង២នេះហួសសម័យហើយរថភ្លើងអាចរត់ក្នុងល្បឿនត្រឹមតែ២០-៣០ គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ។ដូច្នេះប្រទេសត្រូវពិចារណាទំនើបកម្ម។សម្តេចហ៊ុន សែន បាន​ណែនាំ​ឲ្យ​ក្រសួង​ដឹកជញ្ជូននិង​សាធារណការ​បំពេញ​តម្រូវការ​ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​រថភ្លើង​ល្បឿន​លឿនដើម្បី​ជំរុញ​ការដឹកជញ្ជូន​ផ្លូវដែក​នៅ​កម្ពុជា។ ទោះ​ជា​យ៉ាង​ណាសម្តេចមិន​បាន​ផ្តល់​ព័ត៌មានបន្ថែមអំពីតម្លៃ​គម្រោងឬដៃគូអភិវឌ្ឍន៍នោះ​ទេ។ប្រព័ន្ធផ្លូវដែកកម្ពុជាបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរចាប់តាំងពីទសវត្សរ៍ឆ្នាំ២៩៧០មក។រដ្ឋាភិបាលកម្ពុជាបានស្ដារឡើងវិញនូវខ្សែរថភ្លើងដែលតភ្ជាប់រាជធានីភ្នំពេញជាមួយខេត្តភាគខាងត្បូងក្នុងឆ្នាំ២០១៦ និងខ្សែទី២តភ្ជាប់តំបន់ភាគខាងជើងនៅចុងឆ្នាំ២០១៨។ប្រទេសឡាវ ដែលជាប្រទេសជិតខាងភាគខាងជើងរបស់កម្ពុជាកាលពីខែធ្នូ ឆ្នាំ២០២១បានសម្ពោធផ្លូវរថភ្លើងល្បឿនលឿនប្រវែង៤១៤គីឡូម៉ែត្រតភ្ជាប់ជាមួយប្រទេសចិន។ វាគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់ប្រទេសចិនដែលមានគោលបំណងតភ្ជាប់ទីក្រុងគុនមីងទៅកាន់ទីក្រុងបាងកកនិងកំពង់ផែ Laem Chabang របស់ប្រទេសថៃហើយបន្ទាប់មកទៅកាន់ប្រទេសសិង្ហបុរីនៅលើផ្លូវដែកអន្តរអាស៊ីប្រវែង៥,៥០០គីឡូម៉ែត្រ។ផ្លូវដែកឡាវ-ចិនបានចាប់ផ្តើមនៅឆ្នាំ ២០១៦ សាងសង់ដោយសាជីវកម្មផ្លូវដែកជាតិចិន (CNRG) ហើយបានបញ្ចប់ក្នុងរយៈពេល៥ឆ្នាំជាមួយនឹងតម្លៃកិច្ចសន្យាប្រហែល ៥,៨ ពាន់លានដុល្លារ។ មន្ត្រីឡាវបាននិយាយថាពួកគេសង្ឃឹមថា ផ្លូវរថភ្លើងនឹងផ្តល់ប្រាក់ចំណេញបន្ទាប់ពីប្រតិបត្តិការរយៈពេល ២៣ឆ្នាំ៕Khmer Times