ឯកឧត្តមរដ្ឋមន្ត្រីកសិកម្មបា​នអញ្ជើញមក​ពិនិត្យស្ថានីយ៍​បណ្តុះកូនឈើ​ព្រៃលិច​ទឹក

អញ្ញើញចេញពីស្រុកបន្ទាយស្រីឯកឧត្តមរដ្ឋមន្ត្រីកសិកម្មនិងសហការីបានអញ្ជើញមកពិនិត្យស្ថានីយ៍បណ្តុះកូនឈើព្រៃលិចទឹករបស់ខ័ណ្ឌរដ្ឋបាលជលផលសៀនរាន ស្ថិតនៅភូមិ គោករុន ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។ លោកពូ ពីង ឆុងប្រធានសហគមន៍នេសាទសសរស្តម្ភ បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបថា ដោយទទួលបានការជួយឧបត្ថម្ភពីក្រសួងបរិស្ថានតាមរយ:គម្រោង រ៉េតបូក សហការជាមួយនាយកដ្ឋានសហគមន៍ និងអភិរក្សជលផលនៃរដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្កើតជាសួនបណ្តុះកូនឈើព្រៃលិចទឹកមានកូនរាំង កូនរំដេញ ច្រកែង ផ្កោល និងកូនឈើកន្សែង សរុបបានចំនួន ៥ម៉ឺនកូន។ ក្នុងឆ្នាំ ២០២០ បានដាំកូនឈើលិចទឹកចំនួន ៤០ហ.ត និង ២០២១បាន៣០ហ.ត។លោកប្រធានសហគមន៍ក៏បានត្អូញត្អែកពីបញ្ហាលំបាកមួយចំនួនផងដែរដូចជាខ្វះមធ្យោបាយធ្វើដំណើរទាំងក្នុងទឹក និងលើគោកសម្រាប់ធ្វើការងារល្បាត ពិនិត្យមើលបទល្មើសក្នុងដែនសហគមន៍ ប្រេងឥន្ទន: និងថវិកាសម្រាប់ធ្វើការពង្រីកការងារដាំ និងបណ្តុះកូនឈើ។ល។ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យលោកប្រធានសហគមន៍ មន្រ្តីជំនាញរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាខេត្តត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតលើការងារបណ្តុះកូនឈើលិចទឹកឲ្យបានច្រើនធ្វើយ៉ាងណាឆ្លើយតបឲ្យបានតាមតម្រូវការបន្ទាន់ចំពោះកូនឈើលិចទឹកដើម្បីយកទៅដាំលើដីដែលដកហូតបានបទល្មើសនៃការកាប់ ទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹក យកមកកាន់កាប់ធ្វើជាកម្មសិទ្ធិខុសច្បាប់ក្នុងដែលសមត្ថកិច្ចក្នុងខេត្តសៀមរាប។
ដោយឡែករដ្ឋបាលជលផលគួរតែស្វែងរកដៃគូបន្ថែមដើម្បីជួយដល់ការងារអភិវឌ្ឍសហគមន៍នេសាទទាំងលើការងារបច្ចេកទេស ការងារល្បាត សួនបណ្តុះកូនឈើ ការបង្រ្កាបបទល្មើស និងវារីវប្បកម្ម។ ក្នុងខណ:នេះ ឯកឧត្តមរដ្ឋមន្ត្រីបានឧបត្ថម្ភប្រេង ២០០លីត្រ និងថវិកា ៤០ម៉ឺនរៀល ទុកដោះស្រាយជីវភាពសម្រាប់អ្នកប្រចាំការក្នុងសួន។តាមរបាយការណ៍របស់រដ្ឋបាលជលផលបានឲ្យដឹងថា ខេត្តទាំង៦ ដែលនៅជាប់បឹងទន្លេសាប មានសួនបណ្តុះកូនឈើចំនួន ៧កន្លែង និងបានបណ្តុះកូនឈើចំនួន១សែនកូន។បច្ចុប្បន្នបាននិងកំពុងរំដោះកូនឈើព្រៃលិចទឹកទាំងនោះយកទៅដាំនៅលើដីដែលបានដកហូតជាបណ្តើរ។ ជាក់ស្តែង ខេត្តសៀមរាប ផ្ទៃដីដកហូតបានចំនួនជាង ៣៣០០ហត ក្នុងនោះដាំឫស្សីបានចំនួន ២០០ដើម កូនត្នោត ៣៥ដើម កប់គ្រាប់ត្នោតបាន ៧៣ ៦៧៦គ្រាប់ និងកូនឈើព្រៃលិចទឹកបាន ៥៣០០ដើម៕សហការី