រដ្ឋមន្ត្រីកា​របរទេសចិ​ននឹងជួបជាមួយតំ​ណាងតាលីបង់

រដ្ឋមន្ត្រីការបរទេសចិនលោកWangYiនឹងជួបតំណាងរដ្ឋាភិបាលបណ្តោះអាសន្នតាលីបង់នៅកាតានៅសប្តាហ៍នេះ។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់នៅទីក្រុងប៉េកាំងកាលពីថ្ងៃទី២៥ខែតុលា អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbinបាននិយាយថារដ្ឋមន្ត្រីការបរទេសលោកWang Yiនឹងជួបជាមួយគណៈប្រតិភូនៃរដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្គានីស្ថានដឹកនាំដោយពួកតាលីបង់ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៦ខែតុលា។កិច្ចប្រជុំនេះបានធ្វើឡើងក្នុងឱកាសដំណើរទស្សនកិច្ចរបស់លោកWangYiទៅកាន់ប្រទេសកាតា។យោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិនភាគីទាំង២នឹងផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពនៅអាហ្វហ្គានីស្ថាននិងប្រធានបទនៃ “ផលប្រយោជន៍រួម”។លោកបានបន្ថែមថា “ក្នុងនាមជាអ្នកជិតខាងនិងជាដៃគូរមិត្តភាពដ៏យូរលង់របស់អាហ្វហ្គានីស្ថានប្រទេសចិនតែងតែគាំទ្រការសន្ទនានិងទំនាក់ទំនងដើម្បីដឹកនាំការអភិវឌ្ឍន៍ជាវិជ្ជមាននៃស្ថានភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន” ។
ប្រទេសចិនគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលបានបង្កើតទំនាក់ទំនងជាមួយតាលីបង់បន្ទាប់ពីខ្លួនបានដណ្តើមគ្រប់គ្រងអាហ្វហ្កានីស្ថានភាគច្រើននិងផ្តួលរំលំរដ្ឋាភិបាលអាហ្វហ្គានីស្ថានដែលគាំទ្រដោយលោកខាងលិចកាលពីខែសីហា។ស្ថានទូតនៅទីក្រុងកាប៊ុលនិងឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាហ្វហ្គានីស្ថានបានជួបជាមួយសមាជិកជាន់ខ្ពស់របស់តាលីបង់។ទីក្រុង​ប៉េកាំង​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​តាលីបង់​មុន​ពេល​ខ្លួន​កាន់​អំណាចនៅ​អាហ្វហ្គានីស្ថាន។នៅខែកក្កដា២សប្តាហ៍មុនពេលពួកតាលីបង់ចូលកាន់កាប់ទីក្រុងកាប៊ុលរដ្ឋមន្ត្រីការបរទេសWangYiបានទទួលគណៈប្រតិភូតាលីបង់នៅទីក្រុងធានជីនដោយសង្កត់ធ្ងន់លើតម្រូវការរបស់រដ្ឋាភិបាលគ្រប់ជ្រុងជ្រោយនិងជំរុញឱ្យតាលីបង់កាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមភេរវករជាពិសេសចលនាអ៊ីស្លាមទួគីស្ថានខាងកើតដែលចិនចោទថាជាអ្នកនៅពីក្រោយការវាយប្រហារនៅស៊ីនជាំង។នៅពេលដែលអាមេរិកដកទ័ពចេញពីអាហ្វហ្គានីស្ថានចិនបានប្តេជ្ញាថានឹងមិនបញ្ជូនទាហានចូលទៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាមនោះទេ។ផ្ទុយទៅវិញទីក្រុងប៉េកាំងប្តេជ្ញាដើរតួជាអ្នកសម្របសម្រួលនិងជួយអាហ្វហ្កានីស្ថានកសាងឡើងវិញបន្ទាប់ពីសង្គ្រាម២ទសវត្សរ៍។រដ្ឋមន្ត្រីការបរទេសWangYiកាលពីខែសីហាបានអំពាវនាវឱ្យសហរដ្ឋអាមេរិកធ្វើការជាមួយសហគមន៍អន្តរជាតិដើម្បីផ្តល់ជំនួយសេដ្ឋកិច្ចនិងមនុស្សធម៌ដល់អាហ្វហ្គានីស្ថានជួយរដ្ឋបាលថ្មីដំណើរការមុខងាររបស់រដ្ឋាភិបាលជាធម្មតារក្សាស្ថិរភាពសង្គមនិងការពារការធ្លាក់ចុះរូបិយប័ណ្ណព្រមទាំងបង្កើនថ្លៃដើមនៃការរស់នៅ។បច្ចុប្បន្នប្រទេសចិនគឺជាវិនិយោគិនបរទេសធំជាងគេនៅអាហ្វហ្គានីស្ថានដែលមានទុនបំរុងរ៉ែធំជាងគេនៅលើពិភពលោកដែលមានតម្លៃជាង១ ទ្រីលានដុល្លារ។ ប្រទេសចិនកាលពីខែមុនបានសន្យាផ្តល់ជំនួយស្បៀងអាហារនិងថ្នាំចំនួន៣១ លានដុល្លារដល់អាហ្វហ្គានីស្ថានរួមជាមួយវ៉ាក់សាំងការពារជំងឺCovid-19ចំនួន៣លានដូស។
ប្រទេសចិនមានចំណាប់អារម្មណ៍ជាក់លាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាននៅពេលដែលគម្រោងនៅក្រោមគំនិតផ្តួចផ្តើម”ខ្សែក្រវ៉ាត់និងផ្លូវ”(BRI)របស់ទីក្រុងប៉េកាំងឆ្លងកាត់តំបន់នេះ។ទីក្រុងប៉េកាំងហាក់ដូចជាកំពុងមើលឃើញឱកាសមួយដើម្បីពង្រីកគម្រោងBRIដែលមានតម្លៃរាប់ពាន់លានដុល្លារទៅកាន់អាហ្វហ្គានីស្ថាន។ទន្ទឹមនឹងនេះក្រុមតាលីបង់បានចាត់ទុកប្រទេសចិនជាដៃគូរដ៏សំខាន់បំផុតមួយរបស់ប្រទេសអាហ្វហ្គានីស្ថានហើយសង្ឃឹមថាការវិនិយោគនិងការគាំទ្ររបស់ចិននឹងជួយអាហ្វហ្គានីស្ថានកសាងប្រទេសឡើងវិញ។
អាហ្វហ្គានីស្ថានកំពុងជួបការលំបាកជាច្រើនជាពិសេសវិបត្តិស្បៀងអាហារ។ លោក David Beasley នាយកប្រតិបត្តិនៃកម្មវិធីស្បៀងអាហារពិភពលោក(WFP) បាននិយាយថារដូវរងានេះ“ ប្រជាជនអាហ្វហ្កានីរាប់លាននាក់នឹងត្រូវបង្ខំចិត្តជ្រើសរើសរវាងការធ្វើចំណាកស្រុកនិងការអត់ឃ្លាន” លុះត្រាតែមានការផ្តល់ជំនួយសង្គ្រោះ៕យោងតាមReuters, AFP

រដ្ឋមន្ត្រីការបរទេសចិនលោកWangYi។រូបភាពReuters