G7ប្រកា​សគាំទ្រអ៊ុ​យក្រែនដ​ល់ទីបញ្ចប់

ប្រទេសG7បាន​ប្តេជ្ញា​រួបរួម​ក្នុង​ការ​គាំទ្រ​អ៊ុយក្រែន​រហូត​ដល់​ប្រទេស​នេះ”ឈ្នះ”ជម្លោះ​ជាមួយ​រុស្ស៊ី។រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី Liz Truss បាននិយាយក្នុងអំឡុងកិច្ចពិភាក្សាជាមួយសហសេវិកថា “វាមានសារសំខាន់នៅពេលនេះដែលយើងបន្តដាក់សម្ពាធលើប្រទេសរុស្ស៊ីដោយការផ្គត់ផ្គង់អាវុធបន្ថែមទៀតដល់អ៊ុយក្រែននិងបង្កើនការដាក់ទណ្ឌកម្មកម្រិតG7នៅថ្ងៃនេះដោយបន្ថែមថា”សាមគ្គីភាពG7 គឺមានសារសំខាន់ក្នុងអំឡុងពេលវិបិត្តនេះ”។រដ្ឋមន្ត្រីការបរទេសបារាំងលោកJean-Yves Le Drian បាននិយាយថាបណ្តាប្រទេសG7″រួបរួមគ្នា”ក្នុងការប្តេជ្ញាចិត្ត”បន្តគាំទ្រអ៊ុយក្រែនជាយូររហូតដល់ប្រទេសនេះឈ្នះ” ជម្លោះរបស់ខ្លួនជាមួយរុស្ស៊ី។រដ្ឋមន្ត្រីការបរទេសនៃប្រទេសG7 រួមមាន អង់គ្លេស កាណាដា អាល្លឺម៉ង់ អ៊ីតាលី បារាំង អាមេរិក និងជប៉ុនកំពុងជួបប្រជុំគ្នានៅរមណីយដ្ឋាន Wangels ក្នុងប្រទេសអាល្លឺម៉ង់ដោយវិបត្តិអ៊ុយក្រែនត្រូវបានកំណត់ជាប្រធានបទសំខាន់ក្នុងរបៀបវារៈ។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba និងសមភាគី Moldovan លោក Nicu Popescu ក៏ត្រូវបានអញ្ជើញផងដែរ។យុទ្ធនាការ​យោធា​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​បាន​ឈាន​ចូល​ដល់​ខែ​ទី៣​ហើយ។ មន្ត្រីលោកខាងលិចបានសម្តែងការព្រួយបារម្ភថាជម្លោះនឹងបន្តក្លាយជាប្រភពនៃអស្ថិរភាពក្នុងតំបន់ និងសកលលោកអស់រយៈពេលជាច្រើនខែសូម្បីតែច្រើនឆ្នាំដោយមានការចង្អុលបង្ហាញតិចតួចថាភាគីណាមួយនឹងលេចចេញនូវជ័យជំនះ។ប្រទេសលោកខាងលិចបានផ្គត់ផ្គង់អាវុធជាច្រើនដល់អ៊ុយក្រែន រួមទាំងកាំភ្លើងធំកាំជ្រួចប្រឆាំងយន្តហោះអាវុធប្រឆាំងរថក្រោះ និងអាវុធផ្សេងៗទៀត។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយក្រុង​គៀវ​នៅ​តែ​ជំរុញ​ឲ្យ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ផ្តល់​ការ​គាំទ្រ​បន្ថែម​ទៀត។បន្ទាប់ពីរុស្ស៊ីចាប់ផ្តើមយុទ្ធនាការយោធានៅអ៊ុយក្រែនអាមេរិកនិងសម្ព័ន្ធមិត្តបានដាក់ទណ្ឌកម្មជាច្រើនដងប្រឆាំងនឹងរុស្ស៊ី ដូចជាការដកធនាគាររុស្ស៊ីមួយចំនួនចេញពីប្រព័ន្ធទូទាត់អន្តរជាតិ SWIFT ការហាមឃាត់ការនាំចូលទំនិញជាច្រើនពីរុស្ស៊ី និងលុបចោលឋានៈប្រទេសដែលពេញចិត្តបំផុត ជាមួយប្រទេសនេះ។សហរដ្ឋអាមេរិកក៏បានប្រកាសហាមឃាត់ការនាំចូលប្រេងនិងផលិតផលថាមពលផ្សេងទៀតពីប្រទេសរុស្ស៊ីផងដែរ។ប្រទេសលោកខាងលិចកំពុងបង្កកប្រហែលពាក់កណ្តាលនៃប្រាក់បម្រុងរូបិយប័ណ្ណបរទេសនិងមាសជាង៦០០ពាន់លានដុល្លាររបស់ធនាគារកណ្តាលរុស្ស៊ី។ នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដ៏​តឹងតែង​បំផុត​មួយ​ប្រឆាំង​នឹង​ក្រុង​ម៉ូស្គូ។ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីរុស្ស៊ីលោកVladimirPutinបាននិយាយកាលពីថ្ងៃទី១២ឧសភាថាប្រទេសលោកខាងលិចរងផលប៉ះពាល់ពីទណ្ឌកម្មច្រើនជាងរុស្ស៊ី ដោយអះអាងថា ទីក្រុងម៉ូស្គូមានភាពធន់នឹងការប្រឈមមុខនឹង “បញ្ហាប្រឈមខាងក្រៅ”៕យោងតាមAFP

រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី Liz Truss។រូបភាព REUTERS