អាមេ​រិក​សន្យា​ជួយ​អាស៊ា​ន១៥០​​លាន​ដុល្លារ

សេតវិមានបានសន្យាផ្តល់ប្រាក់ចំនួន១៥០លានដុល្លារដល់អាស៊ានសម្រាប់គំនិតផ្តួចផ្តើមរួមទាំងសន្តិសុខដែនសមុទ្រនិងថាមពលស្អាតនៅថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលពិសេស។កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក​នៅ​ថ្ងៃ​ទី​១២​ឧសភា​បាន​ចាប់​ផ្តើម​ដោយ​ការ​ទទួល​ស្វាគមន៍​ប្រធានាធិបតី​Joe Biden នៅ​សេតវិមាន។ នាយករដ្ឋមន្ត្រីហ៊ុនសែនបានមកដល់ទីក្រុង Washington សហរដ្ឋអាមេរិកមួយថ្ងៃមុននេះ ដើម្បីចូលរួមព្រឹត្តិការណ៍រយៈពេល២ថ្ងៃ។កិច្ចប្រជុំកំពូលនេះគឺជាលើកទី១ដែលមេដឹកនាំអាស៊ានបានចូលរួមព្រឹត្តិការណ៍មួយនៅសេតវិមានហើយក៏ជាកិច្ចប្រជុំលើកដំបូងជាមួយអាស៊ានដែលដឹកនាំដោយប្រធានាធិបតីសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ២០១៦មក។សេតវិមានបានប្រកាសកញ្ចប់ជំនួយចំនួន១៥០លានដុល្លារសម្រាប់គំនិតផ្តួចផ្តើមថ្មីរួមទាំងកិច្ចសហប្រតិបត្តិការដែនសមុទ្រនិងថាមពលស្អាតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។សហរដ្ឋអាមេរិកដែលជាដៃគូរពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ានត្រូវបានគេរំពឹងថានឹងប្រកាសកញ្ចប់ជំនួយធំជាងនៅក្រោមក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកនៅពេលដែលលោកBiden ធ្វើទស្សនកិច្ចនៅប្រទេសជប៉ុននិងកូរ៉េខាងត្បូងនៅសប្តាហ៍ក្រោយ។យោងតាមរដ្ឋបាលលោក Biden ទឹកប្រាក់ប្រមាណ៦០លានដុល្លារនៃជំនួយនេះគឺមានគោលបំណងគាំទ្រដល់គំនិតផ្តួចផ្តើមដែនសមុទ្រថ្មី រួមទាំងការដាក់ពង្រាយនាវាឆ្មាំសមុទ្រដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនៅសមុទ្រដើម្បីជំរុញ “ឥណ្ឌូប៉ាស៊ីហ្វិក”ដោយសេរីនិងបើកចំហ។ជំនួយនេះក៏រួមបញ្ចូលផងដែរនូវគំនិតផ្តួចផ្តើមមួយដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់និងពលកម្មដោយបង្ខំ។សេតវិមានបានត្រៀមថវិកាចំនួន៤០ លានដុល្លារជាជំនួយសម្រាប់ការវិនិយោគលើថាមពលស្អាតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយបាននិយាយថាសហរដ្ឋអាមេរិកកំពុងធ្វើការជាមួយវិស័យឯកជនដើម្បីរៃអង្គាសប្រាក់បានរហូតដល់២ ពាន់លានដុល្លារជាជំនួយ។អាស៊ាននិងសហរដ្ឋអាមេរិកក៏នឹងធ្វើការពិភាក្សាដាច់ដោយឡែក និងស៊ីជម្រៅលើប្រធានបទសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្មការវិនិយោគកិច្ចសហប្រតិបត្តិការក្នុងការស្តារឡើងវិញក្រោយការរាតត្បាតការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុគុណភាពថាមពលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព។ល។ភាគីទាំង២ត្រូវបានគេរំពឹងថានឹងអនុម័តនូវឯកសារនៃសេចក្តីថ្លែងការណ៍ទស្សនៈវិស័យរួមមួយ ឆ្លុះបញ្ចាំងពីលទ្ធផលនៃសន្និសីទគូសបញ្ជាក់ពីសមិទ្ធិផលក្នុងរយៈពេល៤៥ឆ្នាំកន្លងមក និងការតម្រង់ទិសដើម្បីជំរុញទំនាក់ទំនងទ្វេរភាគីនាពេលខាងមុខ។តាមក្រសួងការបរទេសវៀតណាមនឹងរួមចំណែកក្នុងការពិភាក្សានិងផ្លាស់ប្តូរក្នុងស្មារតីស្មោះត្រង់ ជឿជាក់ និងសហប្រតិបត្តិការ រួមចំណែកជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន-អាមេរិក។ក្នុងដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៧ឧសភានាយករដ្ឋមន្ត្រីហ៊ុនសែនក៏នឹងទៅបំពេញទស្សនកិច្ចនិងធ្វើការជាមួយថ្នាក់ដឹកនាំអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កជួបដៃគូរនិងអ្នកវិនិយោគអាមេរិកមួយចំនួន៕យោងតាមAFP, Reuters, SCMP

នាយករដ្ឋមន្ត្រីហ៊ុនសែន(ទី៤ពីឆ្វេង)និងមេដឹកនាំអាស៊ានថតរូបនៅសេតវិមានជាមួយប្រធានាធិបតីអាមេរិក Joe Biden (កណ្តាល) ថ្ងៃទី១២ឧសភា។ រូបថត៖ AFP។