អ្នកបន្តវេនបក្សកាន់អំណាចថ្កោល​ទោសក្រោយហេតុ​ការណ៍គប់​ស្បែកជើង​ដាក់លោ​កហ៊ុន សែន

លោកហ៊ុនម៉ានីកូនប្រុសពៅលោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានប្រតិកម្មខ្លាំងៗទៅកាន់ពលរដ្ឋខ្មែរអាមេរិកាំងម្នាក់ដែលយកស្បែកជើងគប់លើឳពុករបស់លោកនៅឯសហរដ្ឋអាមេរិក ទីដែលលោកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក។រូបភាពនិងអត្ថន័យថ្កោលទោសនៃការគប់ស្បែកជើងលើជំនួបរវាងលោកហ៊ុនសែននិងអ្នកគាំទ្រលោកនៅអាមេរិកត្រូវបានគេបន្តរំលេចលើបណ្តាញសង្គមហ្វេសប៊ុក រហូតមកទល់ថ្ងៃសុក្រនេះចាប់តាំងពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរហូតដល់ពលរដ្ឋដែលគាំទ្រលោកហ៊ុន សែននិងគណបក្សប្រជាជនកម្ពុជា។មិនយូរប៉ុន្មានក្រោយហេតុការណ៍គប់ស្បែកជើងទៅលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈដែលលោកកំពុងថតរូបសែលហ្វីជាមួយពលរដ្ឋខ្មែរអាមេរិកកាំង កាលពីថ្ងៃម្សិលមិញ លោក ហ៊ុន ម៉ានី កូនប្រុសពៅរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថាទង្វើដែលប្រមាថមកលើពុករបស់លោក មកលើនាយករដ្ឋមន្ត្រី មកលើប្រធានគណបក្សប្រជាជនកម្ពុជា គឺជាទង្វើដែលមិនអាចទទួលយកបានជាដាច់ខាត។ទង្វើនេះ ពួកលោកទាំងអស់គ្នាជាសមាជិកគណបក្ស និងជាប្រជាជនខ្មែរដែលគាំទ្រគណបក្សប្រជាជនមិនអាចបន្ធូរបន្ថយឬសម្រាលទោសកំហុសដល់ពួកជ្រុលនិយមទាំងអស់នោះបានទេ។លោកថា«ពួកយើងត្រូវចាំនិងមិនត្រូវភ្លេចចរិតជ្រុលនិយមរបស់ពួកនេះឡើយ។ អស់លោកក៏ត្រូវចាំថាអ្នកណាធ្វើអ្នកនោះទទួល»។ នេះបើតាមលោក ហ៊ុន ម៉ានី។សូមបញ្ជាក់ថាកាលពីថ្ងៃម្សិលមិញលោកអ៊ុក ទូច ដែលជាពលរដ្ឋអាមេរិកដើមកំណើតខ្មែរបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅអាមេរិកថាលោកបានជ្រៀតចូលទៅក្នុងហ្វូងអ្នកគាំទ្រលោក ហ៊ុន សែន ហើយបានដោះស្បែកជើងម្ខាងគប់សំដៅទៅលោកហ៊ុន សែន។ ក៏ប៉ុន្តែមិនចំគោលដៅបែរជាចំទូរស័ព្ទដៃពលរដ្ឋខ្មែរអាមេរិកាំងម្នាក់ទៀតដែលកំពុងថតសែលហ្វីជាមួយលោក ហ៊ុន សែន។ក្រោមចំណងជើងថា«ត្រកួនភ្លេចបឹង ឬក្រពើវង្វេងបឹង!» លោកស សុខា ដែលជាកូនប្រុសលោកឧបនាយករដ្ឋមន្ត្រី ស ខេងក៏បានសរសេរលើហ្វេសប៊ុករបស់លោកនៅថ្ងៃនេះដែរថា ក្នុងនាមជាខ្មែរម្នាក់យើងពុំអាចទទួលយកបាននោះទេនូវកាយវិការក្បត់វប្បធម៌ខ្លួនឯងបែបនេះ។ ទំនៀមទំលាប់បរទេសការគប់ទ្រនាប់ជើង ឬយកទ្រនាប់ជើងវាយនរណាម្នាក់អាចជារឿងសាមញ្ញ។ តែផ្ទុយទៅវិញ ក្នុងវប្បធម៌ខ្មែរ ការប្រើទ្រនាប់ជើងគប់ក្ដី ឬវាយលើនរណាម្នាក់ក្ដី គឺជាការប្រមាថធ្ងន់ធ្ងរបំផុតលើកិត្តិយសសេចក្ដីថ្លៃថ្នូរក្នុងនាមជាមនុស្សមានអធិបតេយ្យនៃបូរណភាពរាងកាយ។ការប្រមាថមួយនេះ មិនមែនសំដៅលើបុគ្គលម្នាក់នោះទេ គឺជាការប្រមាថលើប្រជាពលរដ្ឋខ្មែរទាំងមូល ប្រមាថជាតិសាសន៍ឯង គឺកម្ពុជាដែលជារដ្ឋអធិបតេយ្យ។ ក្នុងទស្សន:ខ្មែរ គេហៅទង្វើបែបនេះថា ត្រកួនភ្លេចបឹង! លោកស សុខា សរសេរបន្តថាប្រសិនបើចេះភ្ញាក់រលឹក គួរពិចារណាកំហុស ហើយគប្បីចេញមុខសម្ដែងការសោកស្ដាយសូមអភ័យទោសលោក ហ៊ុន សែន សុំការអត់ឱនពីប្រជាពលរដ្ឋខ្មែរ និងជារួម សុំការលប់លាងកំហុសពីកម្ពុជា ដែលបានផ្ដល់កំណើតឱ្យកើតជាខ្មែរនិងមានកំណើតរហូតបានទៅរស់នៅឯបរទេសដូចសព្វថ្ងៃ។ កុំឱ្យដូចពាក្យខ្មែរពោលថាក្រពើវង្វេងបឹង។ដោយសារលោកអ៊ុក ទូច ថ្លែងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិកដោយមានភ្ជាប់ឈ្មោះលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ផងនោះ លោកស្រី ម៉ែន សំអន ក៏បានសរសេរនៅលើហ្វេសប៊ុកដែរថាលោកស្រីមិនគាំទ្រនូវទង្វើរបស់បុគ្គល អ៊ុក ទូច និងសូមថ្កោលទោសយ៉ាងដាច់អហង្កានូវទង្វើដ៏ថោកទាបដែលប្រមាថមកលើលោក ហ៊ុន សែន។
ផ្ទុយទៅវិញ លោក គង់ សភា អតីតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ បានមើលឃើញហេតុការណ៍គប់ស្បែកជើងក្នុងន័យផ្សេងដោយលោកបានលើកយកសំណេររបស់លោក ហ៊ុន ម៉ានី មកធ្វើអត្ថាធិប្បាយបន្ថែមលើហ្វេសប៊ុកថា បានបង្ហាញពីចរឹកផ្តាច់ការ​ឃោរឃៅ​តពូជ​! លោកថាល្បែ​គប់ស្បែងជើងនេះគឺជាល្បិចថោកទាបរបស់ជនផ្តាច់ការដើម្បីយកធ្វើជាលេសចោទប្រកាន់អ្នកប្រជាធិបតេយ្យ៕RFI

លោកនាយករដ្ឋមន្ត្រីហ៊ុនសែនជួបសំណេះសំណាលបងប្អូនប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក។