លោកហ៊ុន សែនថា​លោក​សម រង្ស៊ីគឺជាម​នុស្សល្ងង់​​ដែល​មិន​ចេះ​ប្រើ​ឱកាស

លោកហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជានៅចំពោះមុខពលរដ្ឋខ្មែរ​នៅក្រៅ​ប្រទេស​ដែល​មកស្វាគមន៍ នៅសហរដ្ឋអាមេរិកបានលើកសរសើរលោក កឹម សុខាថាអ្នកនយោបាយ​ឆ្លាត​វៃបន្ទាប់ពីប្រធានអតីតបក្សប្រឆាំងរូបនេះបានផ្ញើសាររំលែកទុក្ខក្រុមគ្រួសារលោក​ដែល​លោក ហ៊ុន ណេងទទួលមរភាព។ ប៉ុន្តែ​ជាមួយគ្នានេះ លោក ហ៊ុន សែន បានហៅលោក សម រង្ស៊ី ជាមនុស្សល្ងង់ដែល​មិន​ឆក់​ឱកាសយកនេះ​ដើម្បី​សម្របសម្រួល​នយោបាយបានវិលចូលស្រុកវិញ។
សម្រាប់លោក ហ៊ុន សែន ការដែលលោក សម រង្ស៉ី មិន​បាន​ផ្ញើ​សារចូលរួម​រំលែក​ទុក្ខក្រុម​គ្រួសារ​លោក​ដែល​បាត់​បង់​បងប្រុសនោះ គឺជារឿងងាយស្រួល​សម្រាប់​លោកទៅវិញទេពីព្រោះ​ប្រសិន​បើ​លោកសម រង្ស៊ី ផ្ញើសាររំលែកទុក្ខនោះ គឺប្រៀបបាននឹង​រុញលោកឲ្យផ្ទប់នឹងជញ្ជាំងពីព្រោះចង់ឬមិន​ចង់​លោក​ត្រូវតែ​ឆ្លើយតបវិញ។បើតាមលោកប្រមុខរដ្ឋាភិបាល លោក សម រង្ស៊ី គឺជាមនុស្សល្ងង់​ដែល​មិនចេះ​ប្រើ​ឱកាសនេះ​ដើម្បីសម្រួលសម្រួលបានចូល​ស្រុក​វិញ។ប៉ុន្តែជាមួយគ្នានេះលោក ហ៊ុន សែន បានកោតសរសើរ លោក កឹម សុខា ប្រធាននៃអតីតគណបក្សសង្រ្គោះជាតិថា មានភាពឆ្លាតវៃ ដែលបានផ្ញើលិខិតរំលែកទុក្ខនិងចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ហ៊ុន ណេង ដែលលោកចាត់ទុកថាជាកាយវិការល្អក្នុងនាមអ្នកនយោបាយខ្មែរ ទោះបីជាមាននិន្នាការខុសគ្នា។
បើតាមលោក ហ៊ុន សែន ក្នុងជំនួប៤ម៉ោងជាមួយលោក កឹម សុខា គឺអ្នកនយោបាយ​ជាប់​បណ្តឹង​នៅតុលាការរូបនេះ បានសុំប្រមុខ​រដ្ឋាភិបាលចេញទៅ​ក្រៅប្រទេស។ ប៉ុន្តែលោក ហ៊ុន សែន អះអាងថា ​ទុកឲ្យតុលាការជាអ្នកសម្រេច។ក្រៅពីរឿងនយោបាយ សម្រាប់រឿងរ៉ាវបុគ្គលវិញ លោក ហ៊ុន សែន បានថ្លែងថា លោក យង់ ណុយ ហៅ ប្រែឌី (Brady Young) បានសរសេរលិខិតសុំទោសលោក​ចំពោះអ្វី​ដែល​អតីតសកម្មជនបក្សប្រឆាំងរូបនេះ បានចោទភរិយារបស់លោក និង លោក ហ៊ុន ម៉ាណែត ថាជា «ប្រពន្ធ និងកូនរបស់មេដឹកនាំវៀតណាម ឡេ ដឹកថូ»។លោក Brady Young ត្រូវបានលោក ហ៊ុន សែន ហៅឲ្យបង្ហាញខ្លួនផងដែរ នៅក្នុងពិធីជួបជុំមនុស្សប្រមាណ២ពាន់នាក់នេះ ខណៈលោក ហ៊ុន សែន បានចាត់ទុកលោក Brady Young ថាជាកូន​ដែល​ដឹង​កំហុស​ហើយ​ចេះកែខ្លួន៕RFI