លោកកឹម​សុខាបដិ​សេធឆ្លើយ​សំនួរព្រះរាជអា​ជ្ញាដដែលៗ

លោកកឹមសុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​រំលាយបាន​ប្រាប់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ថា លោក​នឹង​បដិសេធ​មិន​ឆ្លើយនោះ​ទេ ប្រសិន​បើ​ព្រះរាជអាជ្ញា​បន្ត​សួរ​សំនួរដដែល។
លោក​ កឹម សុខាមានប្រសាសន៍ថា៖«ខ្ញុំ​មាន​សិទ្ធិ​មិន​ឆ្លើយ ឬ​រក្សា​ភាព​ស្ងប់​ស្ងាត់​ប្រសិន​បើ​អ្នក​បន្ត​សួរ​ខ្ញុំ​នូវ​សំណួរ​ដដែលៗ​លើ​ការ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​ជាតិ​ឆ្នាំ ២០១៣»។លោក​ កឹម សុខា បាន​ប្រាប់​តុលាការ​ក្នុង​អំឡុង​ពេល​សវនាការ​លើ​ការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ​ កាលពីម្សិលមិញ​ថា៖«ខ្ញុំ​ប្រហែល​ជា​អាច​ធ្វើ​ពហិការ​សវនាការ»។
ដោយឡែក លោក កឹម សុខា កំពុង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស​ផ្សេង​ទៀត ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​ចន្លោះ​ឆ្នាំ ១៩៩៣ ដល់​ឆ្នាំ ២០១៧។
លោក កឹម សុខា ​ថ្លែង​ថា ភាព​ជាប់គាំង​នយោបាយ​ ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ២០១៣ ត្រូវ​បាន​បញ្ចប់​តាម​រយៈ​ការ​ផ្សះផ្សា​នយោបាយ និង​ឯកភាព។លោក​បន្ថែម​ថា បន្ទាប់​មក​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដោះស្រាយ​បញ្ហា​តាម​រយៈ​កិច្ច​ព្រមព្រៀង​រវាង​គណបក្ស​ទាំង​ពីររួចហើយ។
លោក​ថា៖ «រឿងអតីតកាលនៃវិបត្តិ ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ ត្រូវតែកប់ចោល ព្រោះវាត្រូវបានដោះស្រាយ និងបញ្ចប់រួចហើយរវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។ ហេតុអ្វីក៏អ្នកសួរខ្ញុំម្តងហើយម្តងទៀត?»ក្នុងសវនាការកាលពីម្សិលមិញ ព្រះរាជអាជ្ញាតុលាការ បានសង្កត់ធ្ងន់លើលោក កឹម សុខា អំពីសកម្មភាពរបស់គាត់ និងមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញ។
ព្រះរាជអាជ្ញាក៏បានសាកសួរលោក កឹម សុខា អំពីភាពមិនប្រក្រតីក្នុងការបោះឆ្នោត ដែលគណបក្សសង្គ្រោះជាតិ ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលឯករាជ្យផ្សេងទៀតបានអះអាងថា បានកើតឡើងដែលនាំឲ្យមានមហាបាតុកម្មកាលពីឆ្នាំ ២០១៣។
ទោះយ៉ាងណាក៏ដោយ លោក កឹម សុខា បានជ្រើសរើសមិនឆ្លើយសំណួរភាគច្រើនរបស់ព្រះរាជអាជ្ញា។
លោក កឹម សុខា មានប្រសាសន៍ក្នុងតុលាការថា៖«នៅថ្ងៃទី ៨ ខែឧសភា ខ្ញុំ​បាន​ជួប​ជាមួយលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​បុណ្យ​សព​បង​ប្រុស​គាត់​នៅ​ខេត្ត​កំពង់ចាម។ ក្នុងជំនួបនោះ សម្តេច ហ៊ុន សែន និង ខ្ញុំបានពិភាក្សាគ្នាអំពីបញ្ហាសំខាន់ៗជាច្រើនទាក់ទងនឹងបញ្ហាប្រឈមរបស់ប្រទេសជាតិ, ការអភិវឌ្ឍន៍, ផលប្រយោជន៍របស់ប្រទេសជាតិ និង ប្រជាជនកម្ពុជារបស់យើង»។
លោកបន្តថា៖ «ក្នុង​ជំនួប​នោះ យើង​បាន​ឯកភាព​គ្នា​ថា ចាប់​ពី​ពេល​នេះ​ទៅ យើង​ត្រូវ​តែ​លើក​កម្ពស់​ផល​ប្រយោជន៍​ជាតិ​យើង និង​ប្រជាជន​ទាំងមូល។ យើង​មិន​គួរ​រស់​នៅ​លើ​អតីតកាល ឬ​ ​របួស​ចាស់​ដែល​បាន​ជា​សះស្បើយ និង​ក្លាយ​ទៅ​ជា​ដំបៅ​ដែល​អាចរារាំង​ដល់​ការ​បង្រួបបង្រួម​ជាតិ និង​ការ​អភិវឌ្ឍ​ជាតិ​របស់​កម្ពុជា​នោះឡើយ។»លោក ចាន់ ចេង មេធាវីការពារក្តីម្នាក់របស់ កឹម សុខា មានប្រសាសន៍ថា៖«វាជាសិទ្ធិរបស់លោក កឹម សុខា ក្នុងការបដិសេធមិនឆ្លើយសំណួររបស់ព្រះរាជអាជ្ញា។ករណីរបស់លោក កឹម សុខា អាចដោះស្រាយបានតាមរយៈយន្តការនយោបាយប៉ុណ្ណោះ»។
ព្រះរាជ​អាជ្ញា​រង​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ប្លង់ សុផល ថ្លែង​ថា ចំណាត់​ការ​ផ្លូវ​ច្បាប់​លើ​លោក កឹម សុខា ជា​រឿង​ព្រហ្មទណ្ឌ មិន​មែន​ជា​រឿង​នយោបាយនោះ​ទេ។
លោកបន្តថា សវនាការរបស់តុលាការ អាចគ្របដណ្តប់អ្វីៗគ្រប់យ៉ាង ហើយទោះបីជា លោកកឹម សុខា បដិសេធមិនឆ្លើយសំណួររបស់ព្រះរាជអាជ្ញាក៏ដោយ ក៏យើងនឹងបន្តសួរគាត់ ដើម្បីស្វែងរកការពិតនៅក្នុងសំណុំរឿងរបស់គាត់ដែរ។លោកបញ្ជាក់​ថា ប្រសិន​បើ​លោក កឹម សុខា ធ្វើ​ពហិការ​មិន​ចូល​សវនាការ តុលាការ​នឹង​លើក​យក​មាត្រា ៣១០ នៃ​នីតិវិធី​នៃ​ក្រម​ព្រហ្មទណ្ឌ ហើយ​នាំ​គាត់​ទៅ​ជំនុំ​ជម្រះ។
លោកបន្ថែម​ថា៖«តុលាការ​ ក៏​អាច​ពិនិត្យ​មើល​សិទ្ធិ​អនុញ្ញាត​ឲ្យ​គាត់​រួច​ពី​ការ​ឃុំ​ខ្លួន​ផង​ដែរ»។
ដោយឡែក ប្រសិន​បើលោក កឹម សុខា ​ត្រូវ​បាន​ផ្តន្ទាទោសវិញ លោកអាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី ១៥ ឆ្នាំ ទៅ ៣០ ឆ្នាំ។ សវនាការ នឹងបន្តនៅថ្ងៃទី ១៨ ខែឧសភាខាងមុខនេះ៕KhmerTime

លោកកឹមសុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។រូបភាពAFP