រុស្ស៊ីដា​ក់ទ​ណ្ឌក​ម្មក្រុមហ៊ុនថាមពល​ជាង៣០

ទីក្រុងម៉ូស្គូបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនថាមពលជាច្រើនរបស់សហរដ្ឋអាមេរិកសហភាពអឺរ៉ុបនិងសិង្ហបុរី ក្នុងការសងសឹកចំពោះការដាក់ទណ្ឌកម្ម។ប្រទេសរុស្ស៊ីកាលពីថ្ងៃទី១១ខែឧសភាបានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនចំនួន៣១ដែលភាគច្រើនជាកម្មសិទ្ធិរបស់ក្រុមGazprom Germania ដែលជាក្រុមហ៊ុនសម្ព័ន្ធភាពរបស់ក្រុមហ៊ុនថាមពលយក្សរុស្ស៊ី Gazprom ។ កាលពីខែមេសា ប្រទេសអាល្លឺម៉ង់បានប្រកាសការគ្រប់គ្រងក្រុមហ៊ុន Gazprom Germania ដើម្បីធានាការផ្គត់ផ្គង់ឧស្ម័ន ខណៈដែលក្រុមហ៊ុនGazprom បានប្រកាសដកខ្លួនចេញពីក្រុមហ៊ុននេះ។ទណ្ឌកម្មក៏ប៉ះពាល់ដល់ EuRoPol GAZ S.A. នៃប្រទេសប៉ូឡូញដែលជាម្ចាស់ផ្នែកឆ្លងកាត់ប៉ូឡូញនៃប្រព័ន្ធបំពង់បង្ហូរឧស្ម័ន Yamal-European ។នៅក្រោមក្រិត្យដែលចុះហត្ថលេខាដោយប្រធានាធិបតីVladimir Putin នៅដើមខែនេះពលរដ្ឋនិងអង្គភាពនានារបស់រុស្ស៊ីត្រូវបានហាមឃាត់មិនឱ្យបំពេញកាតព្វកិច្ចតាមកិច្ចសន្យា ឬចូលទៅក្នុងប្រតិបត្តិការជាមួយក្រុមហ៊ុនដែលមានទណ្ឌកម្ម។នាវាដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនទាំងនេះក៏ត្រូវបានហាមឃាត់មិនឱ្យចូលចតនៅកំពង់ផែរុស្ស៊ីផងដែរ។ក្រុមហ៊ុន Gazprom Germania គឺជាប្រតិបត្តិករនៃកន្លែងផ្ទុកហ្គាសធំៗជាច្រើននៅក្នុងប្រទេសអាល្លឺម៉ង់ហើយមានគម្រោងជាច្រើននៅក្នុងប្រទេសស៊ែប៊ី អូទ្រីស និងសាធារណរដ្ឋឆេក។ក្រសួងសេដ្ឋកិច្ចនិងការពារអាកាសធាតុអាល្លឺម៉ង់ នៅថ្ងៃទី១១ឧសភា បានប្រកាសថា រដ្ឋាភិបាលកំពុងធ្វើកិច្ចព្រមព្រៀងចាំបាច់ និងរៀបចំសម្រាប់សេណារីយ៉ូផ្សេងៗ។ ទីភ្នាក់ងារនេះបាននិយាយថា “ក្រុមឆ្លើយតបវិបត្តិឧស្ម័នកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់”។ “បច្ចុប្បន្នការផ្គត់ផ្គង់ត្រូវបានធានា និងត្រួតពិនិត្យជាបន្តបន្ទាប់។”បន្ទាប់ពីរុស្ស៊ីចាប់ផ្តើមយុទ្ធនាការយោធានៅអ៊ុយក្រែនអាមេរិក និងសម្ព័ន្ធមិត្តបានដាក់ទណ្ឌកម្មជាច្រើនដងប្រឆាំងនឹងរុស្ស៊ីដូចជាការដកធនាគាររុស្ស៊ីមួយចំនួនចេញពីប្រព័ន្ធទូទាត់អន្តរជាតិSWIFTការហាមឃាត់ការនាំចូលទំនិញជាច្រើនពីរុស្ស៊ីនិងលុបចោលឋានៈប្រទេសដែលពេញចិត្តបំផុត ជាមួយប្រទេសនេះ។ សហរដ្ឋអាមេរិកក៏បានប្រកាសហាមឃាត់ការនាំចូលប្រេង និងផលិតផលថាមពលផ្សេងទៀតពីប្រទេសរុស្ស៊ីផងដែរ។ប្រទេសលោកខាងលិចកំពុងបង្កកប្រហែលពាក់កណ្តាលនៃប្រាក់បម្រុងរូបិយប័ណ្ណបរទេសនិងមាសជាង៦០០ពាន់លានដុល្លាររបស់ធនាគារកណ្តាលរុស្ស៊ី។ នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដ៏​តឹងតែង​បំផុត​មួយ​ប្រឆាំង​នឹង​ក្រុង​ម៉ូស្គូ។ ប្រធានាធិបតីរុស្ស៊ី លោកVladimir Putin បានព្រមានថាការប៉ុនប៉ងណាមួយរបស់បស្ចឹមលោក ដើម្បីផ្តាច់ខ្លួនពីប្រទេសរុស្ស៊ី នឹងបរាជ័យ៕យោងតាមAFP

កន្លែង​ខួង​ប្រេង​នៅ​រោងចក្រ​ផលិត​ឧស្ម័ន​នៃ​វាលBovanenkovoនៅ​លើ​កោះ​អាកទិក​នៃ​ទីក្រុង Yamal ប្រទេស​រុស្ស៊ី ដែល​ដំណើរការ​ដោយ​ក្រុមហ៊ុន Gazprom ថ្ងៃទី២១ខែ​ឧសភា ឆ្នាំ២០១៩។ រូបថត៖Reuters