
រុស្ស៊ីចោទអាមេរិកថាធ្វើសង្រ្គាមប្រូកស៊ី
អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោកMedvedevបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនពីបទធ្វើសង្រ្គាមប្រូកស៊ីក្នុងប្រទេសអ៊ុយក្រែនបន្ទាប់ពីសភាតំណាងសហរដ្ឋអាមេរិកបានអនុម័តជំនួយចំនួន៤០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន។”នេះគឺមានបំណងបន្តសង្រ្គាមប្រូកស៊ីប្រឆាំងនឹងរុស្ស៊ីនិងព្យាយាមធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរមកលើប្រទេសរបស់យើងហើយក្នុងពេលជាមួយគ្នានេះកំណត់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់យើងក៏ដូចជាឥទ្ធិពលនយោបាយរបស់យើងនៅក្នុងពិភពលោក” ។អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីបាននិយាយ។ លោក Dmitry Medvedev បានបង្ហោះនៅលើ Telegram នៅថ្ងៃទី១១ខែមេសា។លោក Medvedev បាននិយាយថា សភាតំណាងរាស្រ្តអាមេរិកបានបោះឆ្នោតអនុម័តកញ្ចប់ជំនួយចំនួន៤០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ដោយលោកអះអាងថាប្រាក់នេះមិនមែនសម្រាប់ “ស្នេហាអ៊ុយក្រែន”។ប៉ុន្តែប្រឆាំងនឹងទីក្រុងម៉ូស្គូ។លោកក៏បានសំដៅលើការកើនឡើងតម្លៃម្ហូបអាហារ និងប្រេងឥន្ធនៈរបស់សហរដ្ឋអាមេរិកដោយនិយាយថា “ជនជាតិអាមេរិកគួរតែអរគុណរដ្ឋាភិបាលប្រឆាំងនឹងរុស្ស៊ីរបស់ពួកគេ” ។សង្គ្រាមប្រូកស៊ីសំដៅទៅលើជម្លោះដែលកើតឡើងដោយសារតែការញុះញង់ ឬការគាំទ្រពីភាគីដែលមិនពាក់ព័ន្ធដោយផ្ទាល់នៅក្នុងអរិភាព។ប្រធានសភាជាន់ទាបរុស្ស៊ី Vyacheslav Volodin នៅថ្ងៃដដែលនោះក៏បានបង្ហោះនៅលើ Telegram ដោយចោទប្រកាន់សហរដ្ឋអាមេរិកថាបានប្រើប្រាស់ជំនួយដើម្បីបង្ខំអ៊ុយក្រែនឱ្យទៅជា”បំណុល” ។មុននេះប្រធានាធិបតីអាមេរិក Joe Biden បានថ្លែងទៅកាន់សភា ដើម្បីស្នើជំនួយបន្ថែមទៀតដល់អ៊ុយក្រែន។ដំបូងឡើយម្ចាស់សេតវិមានបានទាមទារប្រាក់ចំនួន៣៣ពាន់លានដុល្លារ ប៉ុន្តែក្រោយមកសភាបានបង្កើនកញ្ចប់ជំនួយដល់ជិត៤០ពាន់លានដុល្លារ។ អាមេរិកបានស្នើចំណាយបន្ថែមលើការផ្តល់សម្ភារៈយោធានិងជំនួយស្បៀងអាហារដល់អ៊ុយក្រែន។ប្រធានាធិបតី Biden នៅដើមខែនេះក៏បានប្រកាសកញ្ចប់ជំនួយសន្តិសុខដែលមានតម្លៃ១៥០លានដុល្លារដល់អ៊ុយក្រែន រួមទាំងគ្រាប់កាំភ្លើងធំ និងរ៉ាដាផងដែរ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា កញ្ចប់ជំនួយនេះ នាំមកនូវតម្លៃសរុបនៃសព្វាវុធ ដែលរដ្ឋាភិបាលអាមេរិក បញ្ជូនទៅកាន់អ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការនេះ ដល់ទៅ៣.៨ពាន់លានដុល្លារ។រុស្ស៊ីបានព្រមានថា ខ្លួននឹងកំណត់គោលដៅលើការដឹកជញ្ជូនសព្វាវុធរបស់អាមេរិក និងលោកខាងលិច នៅពេលពួកគេទៅដល់អ៊ុយក្រែន។ យោធារុស្ស៊ីបានប្រកាសកាលពីថ្ងៃទី០៤ខែឧសភាថា ខ្លួនបានបំផ្លាញកន្លែងផ្ទុកអាវុធចំនួន៦សម្រាប់អាវុធនិងគ្រាប់រំសេវរបស់លោកខាងលិចដែលផ្គត់ផ្គង់ដល់អ៊ុយក្រែន និងប្រព័ន្ធរ៉ាដាប្រឆាំងយន្តហោះដែលផលិតដោយសហរដ្ឋអាមេរិក៕យោងតាម TASS/Reuters